សិក្សា​រឿង​ក្រុង​សុភមិត្រ​

តាំង​បុរាណសម័យរហូតមកដល់បច្ចុប្បន្ន ពុទ្ធសាសនាបានចាក់ឬសចូលក្នុងសតិស្មារតី​របស់ខ្មែរស្ទើរតែ​ងអស់(ប្រមាណ៩៥%) ដែលគ្មានថ្ងៃដកចេញបាន ព្រមទាំងគោរពប្រតិបត្តិយ៉ាង​ខ្ជាប់ខ្ជួន ហើយ​បានក្លាយជាទំនៀមទម្លាប់ប្រពៃណីទៀតផង ។ ក្នុងមជ្ឈិមសម័យ ឬសម័យកណ្តាល យើងឃើញ​ថាទស្សនៈដែលរៀបរាប់អំពីបញ្ហាបុណ្យបាប កម្មផល ពៀវេរា ពិតជាមានច្រើនសន្ធឹក​សន្ធាប់ ពោលគឺវាបានស្តែងចេញស្ទើរគ្រប់វិស័យ គ្រប់សណ្ឋាន ព្រោះថាវាត្រូវបានប្រជាជនខ្មែរ​ចាត់ទុកជា​អាទិទេពក្នុងចិត្តរបស់ពួកគេប្រៀបបាន Zeus ជាអាទិទេពរន្ទះដែលស្ថិតនៅឯភ្នំ Olympus នៃដែនអាណាចក្រក្រិចដូច្នោះដែរ ។ មូលហេតុដែលច្បាស់ជាងនេះទៅទៀតនោះ គឺសម័យនោះស្រុកទេស របស់យើងកំពុងស្ថិតក្នុងភ្លើងសង្គ្រាមរ៉ាំរ៉ៃឥតឈប់ឈរ ក៏ប៉ុន្តែផ្ទុយមកវិញ ឥទ្ធិពលនៃទស្សនៈកម្ម​ផលនៃពុទ្ធសាសនាក៏កាន់តែរីកចម្រើនទៅវិញ ព្រោះតែដូច្នោះហើយ ដើម្បី​ឲ្យជំនឿពុទ្ធសាសនា​កាន់តែខ្លាំងក្លារឹងមាំថែមទៀតនោះ ពុទ្ធសាសនិក ដែលជាអ្នកយល់ច្បាស់ពី​បញ្ហាអស់ទាំងនោះ ឬ​អ្នកនិពន្ធល្បីល្បាញទាំងឡាយបាននិពន្ធរឿងជាច្រើនដែលមានដូចជា រឿង​ជាតក ប្រលោមលោក​បែបបុរាណ ដោយលើកយកមូលបញ្ហាទស្សនៈកម្មផល ពៀវេរា ដែលមាន​នៅក្នុងលទ្ធិពុទ្ធសាសនា ដើម្បីផ្សំជាឱសថទិព្វម៉្យាងក្នុងការសណ្តំសតិអារម្មណ៍ ចិត្តគំនិតមហាជន​ទូទៅ រួមទាំងពុទ្ធសាសនិក ផ្សេងៗទៀតឲ្យបានធូរស្បើយផងដែរ ។ ដោយហេតុទាំងអស់នេះហើយ នាំឲ្យយើងឃើញថាចរន្ត​អក្សរសិល្ប៍ ដែលកើតឡើងក្នុងសម័យនោះ គឺសុទ្ធតែជាប្រភេទ​អក្សរសិល្ប៍បែបពុទ្ធនិយម ដែល​ភាគច្រើនចេញក្នុងសណ្ឋានជាសាស្ត្រាល្បែង ។ ក្រោយពេល​សម្រាកពីការងារទាំងឡាយ ដែលតែង​តែបង្កភាពនឿយហត់ដល់ពួកគេនោះ ឆ្លៀតពេលទំនេរ ពួក​គេតែងជួបជុំគ្នា ដើម្បីស្តាប់ការនិទាន​រឿង ឬអានដោយខ្លួនឯងនូវសាស្ត្រាស្លឹករឹត ដែលផ្ទុកទៅ​ដោយអក្សរសិល្ប៍ពុទ្ធិនិយមទាំងអស់​នោះជាហេតុនាំឲ្យអក្សរសិល្ប៍ប្រភេទនោះក្លាយជាទីពេញចិត្ត និងបានជ្រាបចូលយ៉ាងជ្រៅក្នុងដួងចិត្តខ្មែរគ្រប់ស្រទាប់ឲ្យកាន់តែមានជំនឿលើពុទ្ធសាសនាកាន់តែខ្លាំងឡើងៗ ។
ជាងនេះទៅទៀត អក្សរសិល្ប៍ពុទ្ធនិយម បានអប់រំមនុស្សឲ្យប្រព្រឹត្តប្រាសចាកអំពើអបាយ​មុខគ្រប់បែបយ៉ាង ហើយប្រែមកធ្វើអំពើកុសល ដើម្បីប្រាថ្នាទៅអនាគតជាតិ ពោលគឺឋាននិព្វាន។ មុខងារអប់រំរបស់អក្សរសិល្ប៍ពុទ្ធ និយមពិតជាមានភាពល្អប្រសើរនៅក្នុងសង្គមខ្មែរយើង ព្រោះថា​វាបានអប់រំយើងកុំឲ្យប្រព្រឹត្តអំពើទុច្ចរិតនានា ដោយមានរបាំងការពារមួយគឺទស្សនៈធ្វើបុណ្យ​បានបុណ្យ ធ្វើបាបបានបាបហើយទន្ទឹមនឹងនេះដែរ ដោយពឹងផ្អែកលើទស្សនៈនេះហើយទើប​បណ្តាលឲ្យពុទ្ធសាសនិក ដែលមានសទ្ធាជ្រះថ្លាបរិច្ចាគទ្រព្យសម្បត្តិរបស់ខ្លួនមួយចំនួនក្នុងការផ្តល់​ទានដល់ជនក្រីក្រ អ្នកគ្មានសមត្ថភាពក្នុងការងារ ឬក៏ជួយជាវិភាគទានក្នុងការកសាងវត្តអារាម សាលារៀន មន្ទីរពេទ្យដែលជាសមិទ្ធិផលមួយរួមចំណែកក្នុងការអភិវឌ្ឍសង្គម ។
ជាក់ស្តែងរឿងក្រុងសុភមិត្រជាស្នាដៃអក្សរសិល្ប៍ពុទ្ធនិយមមួយដែលប្រសូតក្នុងសម័យ​កណ្តាល(សម័យឧដ្តុង្គឮជ័យ) ហើយក៏មានគំនិតអប់រំជុំវិញទស្សនៈពុទ្ធសាសនា ស្តីពីការទទួលផល​ដែលបានសាងកុសលពីអតីតជាតិ ។

ជំពូកទី១

អត្ថបទ និងអ្នកនិពន្ធ

I. អត្ថបទ
១. ប្រភព
រឿងក្រុងសុភមិត្រ នេះគឺជា រឿងសុភមិត្រជាតកទី៩ ក្នុងរឿង៥០ជាតក៍ (បញ្ញាសជាតក) ជា​រឿងព្រេង ដែល​គេដំណាលមកពីបុរាណ ព្រះសង្ឃលាវនៅស្រុកជៀងម៉ៃមួយអង្គ បានតែងជា​ភាសា​មគធៈរួមទាំងអស់៥០រឿងក្នុងពុទ្ធសករាជ២០០០-២២០០ ហៅថាគម្ពីរបញ្ញាសជាតក ដែល​មានតែនៅក្នុងប្រទេសខ្មែរ លាវ សៀមប៉ុណ្ណោះ ។ ឯអត្ថបទដើមជាសាស្ត្រាស្លឹករឹតមានបី ខ្សែ រក្សា​ទុកនៅពុទ្ធសាសនបណ្ឌិត្យចុះលេខ៦២៣ និង៦៥៦ដាក់ថា រឿងក្រុងសុភមិត្រ ។ ដូចនៅក្នុងវគ្គទី១៧ នៃបទកាកគតិក្នុងអត្ថបទកំណាព្យនេះផ្ទាល់ក៏មានបញ្ជាក់ 
សករាជព្រះសង្ឃ        រាជាតែងតាំង            ប្រែពីនិបាត
បញ្ញាសជាតក             ទៀងទុកជាអាទិ៍         ទើបសង្វាត
សង្វេគគន់គិត ។
២. ប្រភេទ
អត្ថបទក្រុងសុភមិត្រ គឺជាអត្ថបទដែលតាក់តែងជាពាក្យកាព្យ ចែកចេញជាច្រើនបទដូចជា​បទកាកគតិ ព្រហ្មគីតិ ភុជង្គលីលា ពំនោល ដែលមានបទកាកគតិ៣៤២វគ្គ បទព្រហ្មគីតិ៣៣៩វគ្គ បទពំនោល១២៥វគ្គ ភុជង្គលីលា១៥០វគ្គ សរុបទាំងអស់៩៥៦វគ្គត្រូវជា៩៥ទំព័រ ។ នៅក្នុងសាច់​រឿងនេះដែរ មានរៀបរាប់ពីលក្ខណៈ អច្ឆរិយៈមកបង្ហាញដូចជាតួអង្គអស្ចារ្យ ក្លាហាន...មិនតែ​ប៉ុណ្ណោះ អ្នកនិពន្ធបានចំលងចេញពីច្បាប់ដើមសាស្ត្រាស្លឹករឹត ដែលសរសេរជាពាក្យកាព្យ នៅក្នុង​សម័យកណ្តាល (ឧដ្តុង្គឮជ័យ) ។
តាមវិធីបញ្ចែកសាស្ត្រារបស់លោក អ៊ូ ឈៀង សាស្ត្រាចែកជា៣ប្រភេទគឺ សាស្ត្រាទេសន៍ សាស្ត្រាល្បែង និងសាស្ត្រាក្បួន ។
នៅក្នុងអក្សរសិល្ប៍ខ្មែរ ដែលគេរាប់ថាជាសាស្ត្រាមានលក្ខណៈសម្គាល់ដូចជា តួអង្គអស្ចារ្យ ក្លាហាន និងចំនុចសំខាន់មួយទៀត គឺស្ថិតលើ ទំហំនៃការតែងអត្ថបទ មានទំហំជាខ្នាតវែង ច្រើន​ខ្សែ ច្រើនភាគ ហើយក្នុងនោះជាទូទៅច្រើនតែងជាពាក្យកាព្យ ព្រោះកំណាព្យធ្វើឲ្យអារម្មណ៍អ្នក​អានរំភើបញាប់ញ័រ អណ្តែតអណ្តូង ពិរោះណែងណងទៅតាមបែបបទនៃកំណាព្យទាំងនោះ ។
ដូចនេះយើងអាចចាត់បញ្ចូលអត្ថបទរឿងក្រុងសុភមិត្រជាប្រភេទសាស្ត្រាល្បែង ។
៣. ចលនា
នៅក្នុងអត្ថបទ រឿងក្រុងសុភមិត្រ អ្នកនិពន្ធបានលើកយកតួអង្គមកបង្ហាញពីភាពអស្ចារ្យ
ដូចជាតួអង្គក្រុងសុភមិត្រ ហែលបីព្រះនាងកេសនីទៅដាក់កល់ត្រើយម្ខាង ហើយអត់អាហារបាន​រហូតដល់៧ថ្ងៃ ៘ ម៉្យាងទៀតនៅក្នុងរឿងនេះដែរ គេសង្កេតឃើញថា ផ្តើមរឿងនិយាយអំពីការ​រំឭកគុណដល់ព្រះរតនត្រៃយ៍ ហើយចំពោះបញ្ហានៅក្នុងរឿងកើតក្នុងក្រុងកត្តសិលា និងចម្បាក បុរីរ័ត្ន ដែលស្តីអំពីទំនាស់រវាងព្រះពោធិសត្វនិងគ្រួសារ ។ ហើយបញ្ហាស្នេហាវិញ គឺជាស្នេហា​បរិសុទ្ធមួយទល់នឹងមួយគ្មាននរណាហ៊ានប៉ះពាល់ និងទីបញ្ចាប់ត្រូវជួបគ្នាជាក្រឹត្យក្រម។ ចំណែក​​ឯនៅក្នុងសេចក្តីបញ្ចប់នៃរឿង គឺបាននិយាយពីការសជាតិដូចជា ព្រះបាទក្រុងសុភមិត្រ ដែលជា​តួអង្គឯកបានត្រឡប់មកជាព្រះសាមណគោត្តមបរមគ្រូនៃយើង ហើយព្រះនាងកេសនី ដែលជា​កន្សៃសារព៌េជ្ញ បានត្រឡប់ជានាងយសោធរាពិម្ពា ៘
មួយវិញទៀតរឿងនេះ បានលើកឡើងបង្ហាញនូវបញ្ហាមួយចំនួនដូចជា ការបញ្ចូលឧត្តម​គតិសាសនា ដែលនិយាយពីទស្សនៈកម្មផល ពៀវេរា ផ្សារភ្ជាប់នឹងជីវិតលោកីយ៍សច្ចៈ ហើយក៏​បានអប់រំមនុស្ស និងសង្គមមនុស្សឲ្យ មានការតស៊ូព្យាយាមប្រកាន់នូវសច្ចៈ សុច្ចរិត យុត្តិធម៌ មេត្តា​ករុណា ចេះជួយសង្គ្រោះគ្នាទៅវិញទៅមក មានចិត្តល្អ ចេះធ្វើបុណ្យធ្វើទាន ប្រកាន់គោលការណ៍​ខ្លួនទីពឹងខ្លួន ។
ឆ្លងតាមចំនុចខាងលើទាំងអស់នេះ ឃើញថា រឿងក្រុងសុភមិត្រ មានលក្ខណៈអាចចាត់​ចូលជា​បញ្ញាសជាតកទាំងអស់ ។ ហើយមិនត្រឹមតែប៉ុណ្ណោះទេ ដោយ រឿងក្រុងសុភមិត្រ នេះបាន​តាក់តែងឡើងនៅក្នុងសម័យឧដ្តុង្គ (សម័យកណ្តាល) ដែលប្រជាជនភាគច្រើនលែងគោរព​​សាសនា​ព្រាហ្មណ៍ និងពុទ្ធសាសនាមហាយាន ហើយងាកមកគោរព រាប់អានពុទ្ធសាសនាហីនយានដូច​សព្វ​ថ្ងៃនេះដែរ ដែលនាំឲ្យវិស័យនានាដូចជា សិល្បៈ អក្សរសិល្ប៍សុទ្ធតែទទួល ឥទ្ធិពលយ៉ាងធំកប់​ក្នុង​ផ្នត់គំនិតពលរដ្ឋខ្មែរ ។
សរុបមក ដោយឆ្លងតាមហេតុផលដែលអប់រំខាងលើនេះ គឺយើងអាចចាត់ទុកស្នាដៃ រឿងក្រុងសុភមិត្រ នេះស្ថិតក្នុងចលនាពុទ្ធនិយមក្លាយ ។
៤. កាលបរិច្ឆេទ
ក្រុងសុភមិត្រ គឺជាស្នាដៃឯកដ៏ល្អមួយរបស់ ឧកញ៉ាកោសាធិបតីកៅ ចាងហ្វាងឃ្លាំង​មណីរ័តន៍ ដែលតាក់តែងនៅក្នុងគ.ស. ១៧៩៨ ។ ដូចមានបង្ហាញនៅក្នុងស្នាដៃតែម្តងគឺ 
សករាជជួបជួន     ឯកស័ប្តទោសួន     សួស្តិ៍សក្តិបារមី
មាសមាឃពារពុធ     ប្រាកដប្រាំបី         រោចរីសម្តី
សម្តែងកាព្យា ។
ឆ្លងតាមអត្ថន័យនៃកំណាព្យនេះយើងអាចវិភាគដូចតទៅ 
ឯក = ១ ស័ប្ត = ៧ ទោសួន = ២០ ដូចនេះ គឺត្រូវជាមហាសករាជ១៧២០ ព្រោះថាគ្រប់ស្នាដៃ​ទាំងអស់ដែលកើតឡើងមុន និងនៅក្នុងសម័យលង្វែក សុទ្ធតែមានកាលបរិច្ឆេទជាមហាសករាជ​ទាំងអស់ ។
មហាសករាជ កើតក្រោយ គ្រិស្តសករាជចំនួន៧៨ឆ្នាំ នោះមហាសករាជ១៧២០ គិតជា គ្រិស្តករាជត្រូវ​ជា 
១៧២០ + ៧៨ = ១៧៩៨
ហើយតាមរយៈវិធីបង្ហាញកាលបរិច្ឆេទ ដែលមាននៅក្នុងកំណាព្យខាងលើទៀត ឃើញថា
អ្នកនិពន្ធបាន សរសេរស្នាដៃកំណាព្យនេះក្នុងថ្ងៃពុធ ខែមាឃ ៨រោច គ.ស១៧៩៨ ។
ហើយបើតាមលោក លាង ហាប់អាន ក៏បានបញ្ជាក់ដូច្នោះដែរថា រឿងក្រុងសុភមិត្រ មាន​កាលបរិច្ឆេទត្រូវ នឹង ម.ស ១៧២០ ត្រូវជា គ.ស ១៧៩៨ ។
ដូចគ្នានេះដែរ តាមលោក លី ធាមតេង លោកក៏មានគំនិតស្របគ្នាដែរ ។
II. សង្គមបរិយាកាស
តាមលោក លាង ហាប់អាន លោកមានគំនិតថា ស្នាដៃអក្សរសិល្ប៍ រឿងក្រុងសុភមិត្រ នេះ​កើតក្នុងរជ្ជព្រះ បាទអង្គច័ន្ទទី២ ។
ឯលោក លី ធាមតេង បានមានប្រសាសន៍ថា រឿងនេះនិពន្ធក្នុងរជ្ជកាលព្រះបាទអង្គច័ន្ទ ។១០
ហើយបើយើងគិតពីឆ្នាំនៃការគ្រងរាជ្យរបស់ព្រះបាទអង្គច័ន្ទទី២ ឬឧទ័យរាជា នោះគឺនៅ​ក្នុងចន្លោះឆ្នាំ១៨០៦​-១៨៣៤ គឺវាដូចគ្នានឹងកាលបរិច្ឆេទនៃការគ្រងរាជ្យរបស់ព្រះអង្គច័ន្ទដែរ ។១១
ទោះបីជាឈ្មោះនៃស្តេច ដែលគ្រងរាជ្យក្នុងសម័យនោះខុសគ្នាក៏ដោយ ក៏ប៉ុន្តែបើពិនិត្យ​មើលកាលបរិច្ឆេទនោះគឺដូចគ្នា ហេតុនេះហើយ យើងអាចទាញបានថារឿងនេះកើតក្នុងរជ្ជកាល​ព្រះឧទ័យរាជា ឬអង្គច័ន្ទទី២(១៨០៦-១៨៣៤) ។ ក៏ប៉ុន្តែបើយើងងាកមកប្រៀបធៀបរវាងកាល​បរិច្ឆេទនៃការតាក់តែង និងកាលបរិច្ឆេទនៃការគ្រងរាជ្យរបស់ព្រះបាទអង្គច័ន្ទ គឺខុសគ្នា៨ឆ្នាំ ហេតុនេះហើយជាថ្មីម្តងទៀត យើងសូមសរុបមកវិញថា រឿងក្រុងសុភមិត្រ នេះបានតាក់តែងក្នុង​រយៈកាលនៃប្រទេសខ្មែរពេល ដែលគ្មានស្តេចសោយរាជ្យ គឺក្នុងរយៈពេលនៃការគ្រប់គ្រងរបស់ ចៅហ៊្វាប៉ុក (១៧៩៦-១៨០៥)១២ និងរជ្ជកាលព្រះបាទឧទ័យរាជា ។














Post a Comment

Loading...