សិក្សា​មហោសថ​ជាតក​ | ទសជាតក

 សិក្សាប្រភពរឿង
​    ១. ទីតាំងស្នាដៃ
​    -រឿងមហោសថឬរឿងមហោសថជាតក ជារឿងមួយដែលស្ថិតនៅក្នុងសង្ខេបទសជាតក
របស់បណ្ឌិត មហា ឈឹម សុមន៍  ជាសាស្ត្រាចារ្យនៅពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រឹត ភ្នំពេញ ។
​    - រឿងនេះបានបោះពុម្ពផ្សាយនៅឆ្នាំ១៩៩៩  បណ្ណាគារយាយតា  តូបលេខ១៨   ផ្សារអូ
ឬស្សី ។
​    - ជារឿងជាតកទី៥  មានកម្រាស់៧៤ ទំព័រ ចាប់ពីទំព័រ ៩៩ ដល់ ១៧៣  នៅក្នុងចំណោម
រឿងទសជាតក ទាំង១០រឿង  (ជាតិទាំង១០នៃការបំពេញបារមីរបស់ព្រះពោធិសត្វ ) ដែលមាន
កម្រាស់៣២៥ទំព័រ ។
​​    ២. ប្រភពរឿង
​    មហោសថជារឿងបែបពុទ្ធនិយម (ពុទ្ធនិយមសុទ្ធសាធ) ដែលអ្នកនិពន្ធប្រែចេញពីភាសា បាលី ស្ថិតនៅក្នុងគម្ពីរព្រះត្រៃបិដក ដែលជាគម្ពីរគោលនៅក្នុងព្រះពុទ្ធសាសនា ដូចអ្វីដែលអ្នក និពន្ធរបស់យើង  បានបង្ហាញនៅក្នុងអារម្ភកថារបស់គាត់ថា    " រឿងនេះមានប្រភពដើមមកពី ភាសាបាលី មាននៅក្នុងគម្ពីរខុទ្ទកនិកាយ  ជាតក  មហានិបាត   ដែលគេប្រកាន់ជឿជាក់ថាជា ព្រះពុទ្ធវចនៈ ហើយនិងក្នុងគម្ពីរអដ្ឋកថា ដែលបានបង្កើតឡើងជាង ២ពាន់ឆ្នាំមកហើយ "។ ចំពោះរឿងនេះផងដែរ អ្នកនិពន្ធបានចម្លងចេញពីសាស្ត្រាស្លឹករឹត ដែលប្រមូលបានតាមវត្ត អារាមនានា និងសៀវភៅព្រះ គ្រូបុរត្ថិវាសី អ៊ូ ចេវ វត្តលង្កា  ហើយសរសេរជាពាក្យរាយ និងសង្ខេប ប៉ុន្តែចម្លងមិនឲ្យបាត់បង់ធាតុដើម ឬអត្ថន័យនិងភាសាដើម (ភាសាបាលី) របស់វា ឡើយ ។  ម្យ៉ាងទៀត  ពួកគាត់ធ្វើថ្មីមិនឲ្យមានការល្អៀងពីច្បាប់ដើមនោះឡើយ ដូចមានបញ្ជាក់ នៅក្នុងអារម្ភកថារបស់គាត់ថា " ...ខ្ញុំរៀបរៀងជាថ្មីនូវទសជាតកនេះ ដោយធ្វើការបំព្រួញ  ប៉ុន្តែ កុំឲ្យបាត់សេចក្តី  កុំឲ្យទាស់សេចក្តី ពីបាលីដើម ហើយកុំឲ្យវែងពេកផង "
​​​​​​​​        រឿងមហោសថ ជារឿងមួយដែលស្ថិតនៅក្នុងចំណោមរឿងទាំង១០ របស់ព្រះពោធិសត្វ   ក្នុងការ កសាងបារមីដើម្បីបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ​ដែលមានតាមលំដាប់ដូចខាងក្រោម ៖
​    ១. តេមិយជាតក (នេក្ខបារមី គឺការចេញបួស)
​    ២. មហាជនកជាតក (វីរិយបារមី គឺសេចក្តីព្យាយាម)
​    ៣. សុវណ្ណសាមជាតក (មេត្តាបារមី គឺសេចក្តីមេត្តា)
​    ៤. នេមិរាជជាតក (អធិដ្ឋានបារមី គឺការជឿស៊ប់)
​    ៥. មហោសថជាតក (បញ្ញាបារមី គឺបញ្ញា)
​    ៦. ភូរិទត្តជាតក (សីលបារមី គឺការបំពេញសីល)
​    ៧. ចន្ទកុមារជាតក (ខន្តីបារមី គឺសេចក្តីអត់ធ្មត់)
​    ៨. នារទជាតក (ឧបេក្ខាបារមី គឺការតាំងចិត្តជាកណ្តាល)
​    ៩. វិធូរជាតក (សច្ចបារមី)
​    ១០. វេស្សន្តរជាតក (ទានបារមី គឺការដាក់ទាន)

 



Post a Comment

Loading...