សិក្សា​​រឿង​ខ្យង​ស័ង្ខ


កាលពីព្រេងនាយ នៅសាឡសមហានគរ ដែលមានព្រះបាទយសវិមលរាជជា​ក្សត្រ ទ្រង់មានមហេសីពីរព្រះអង្គ មួយអង្គព្រះនាម ចន្ទទេវី និងមួយអង្គទៀតព្រះនាម ឆន្ទា ។ ដោយសារគ្មានបុត្រស្នងរាជ្យបន្ត ព្រះអង្គក៏បានឲ្យមហេសីទាំងពីរព្រះអង្គទៅបួង​សួងរក្សាសីល ដើម្បីសុំបុត្រ ។ ដោយអំណាចនៃបុណ្យបារមី និងសេចក្តីព្យាយាមរក្សា​សីលទានដោយស្មោះសររបស់ព្រះនាងចន្ទទេវី ធ្វើឲ្យកក្រើកក្តៅក្រហាយដល់ឋានព្រះ​ឥន្ទ្រ ។ ព្រះឥន្ទ្រក៏បើកព្រះនេត្រទិព្វមើលមកជម្ពូរទ្វីប ដឹងរឿងហេតុគ្រប់សព្វ ព្រះឥន្ទ្រក៏​សុំយាងព្រះពោធិសត្វចុះមកចាប់បដិសន្ធិនឹងព្រះនាងចន្ទទេវី ។ ដោយឡែកព្រះនាងឆន្ទា ពុំបានរក្សាសីល សាងបារមី គ្រាន់តែយកទៀនធូប ភ្ញីផ្កា ម្លូស្លាទៅថ្វាយដើមជ្រៃ ហើយ​អធិដ្ឋានសុំបុត្រ ។ នាងទេពធីតារក្សាដើមព្រះជ្រៃឃើញហើយ ក៏បានមកចាប់កំណើតក្នុងផ្ទៃនាង​ឆន្ទា 
ពេលឮហោទស្សន៍ទាយថាព្រះនាងចន្ទទេវីមានបុត្រា ព្រមទាំងស្នងរាជ្យពីព្រះបិតា ហើយខ្លួននឹងប្រសូតបានបុត្រី ព្រះនាង​ឆន្ទាក៏កើតក្តីច្រណែន ភ័យខ្លាចបាត់បង់ដំណែង ទើបបានឲ្យគ្រូស្នេហ៍ម្នាក់ សេពមន្តអាគមគាថាពង្វក់ចិត្តព្រះបាទយសវិមលរាជឲ្យឈ្លក់ ស្រឡាញ់តែខ្លួនម្នាក់ ធ្វើឲ្យព្រះមហាក្សត្រស្អប់ព្រះនាងចន្ទទេវី 
ជាងនេះទៅទៀត ព្រះនាងឆន្ទាក៏បានចោទប្រកាន់ព្រះនាងចន្ទទេវីថាទ្រង់មាន សាហាយ នាំឲ្យព្រះមហាក្សត្រមិនទទួលស្គាល់បុត្ររបស់ព្រះនាងចន្ទទេវីឡើយ និងតែង​តាំងព្រះនាងឆន្ទាជាអគ្គមហេសីទៀតផង មិនតែប៉ុណ្ណោះ ព្រះនាងចន្ទទេវីក៏ត្រូវបាន បណ្តេញ​ចេញពីព្រះនគរឲ្យទៅរស់នៅក្នុងព្រៃផងដែរ 
ពេលចេញពីនគរ ព្រះនាងចន្ទទេវីក៏ធ្លាក់ខ្លួនក្រក្រី ហើយបានទៅសុំស្នាក់អាស្រ័យ ក្នុងខ្ទមកំសត់មួយជាមួយដូនចាស់ម្នាក់ និងប្រកបរបររកឩសចិញ្ចឹមជីវិត ។ លុះគ្រប់​ទសមាស ព្រះនាងក៏ប្រសូតបាន ខ្យង​ មួយ ហើយទ្រង់ក៏ប្រសិទ្ធិនាមថា ខ្យងស័ង្ខ ។ ព្រះ​នាងស្រឡាញ់ថ្នាក់ថ្មមបុត្រខ្លាំងណាស់ បើទោះបីបុត្រព្រះនាងជាខ្យងក៏ដោយ ។ ឯព្រះ​នាងឆន្ទាក៏ប្រសូតបានបុត្រីម្នាក់ ដោយដាក់ព្រះនាមថា ឆន្ទី 
ជារៀងរាល់ថ្ងៃ ពេលដែលព្រះនាងចន្ទទេវីចេញទៅរកឩស តែងទុកព្រះរាជបុត្រ​នៅក្នុងផ្ទះម្នាក់ឯង ។ លុះអាយុបាន៣ឆ្នាំ នាថ្ងៃមួយនោះ ពេលដែលព្រះនាងចន្ទទេវីចេញ​ទៅរកឩសជាធម្មតា ព្រះនាងទុកអង្ករធ្វេសប្រហែសធ្វើឲ្យមាន់ឡើងមកចឹកស៊ី ឃើញដូច​នោះ ខ្យងស័ង្ខ ក៏ចេញពីស្រោមមកដេញមាន់ ។ លុះត្រឡប់ពីព្រៃវិញ ឃើញផ្ទះមាន​របៀបរាបរយ ព្រះនាងក៏នឹកឆ្ងល់ ហើយគិតថាគ្មាននរណាក្រៅពីខ្យងស័ង្ខទេ​ដែលធ្វើ កិច្ចការអស់ទាំងនេះ ព្រះនាងក៏មានចិត្តចង់ជ្រាបការពិត ក៏ពុតជាទៅរកឩស តែតាមពិត​ទៅពួនចាំមើលសកម្មភាពកូន ។ ខ្យងស័ង្ខ ពេលមាន់ឡើងស៊ីស្រូវ ក៏ចេញពីស្រោមមក​ដេញទៀត ឃើញដូចនេះហើយព្រះនាងចន្ទទេវីក៏ស្រវារត់មកឱបកូនប្រុសបណ្តូលចិត្ត​ដោយក្តីរំភើប និងស្រឡាញ់ពេញបេះដូង ហើយព្រះនាងក៏សម្រេចចិត្តយកសម្បកខ្យង​នោះទៅបំបែក ។ អ្នកស្រុកដែលបានដឹងរឿងនេះក៏បាននាំគ្នាយកសំពត់អាវល្អៗ និងម្ហូប​ឆ្ងាញ់ៗមកឲ្យឥតដាច់ ។ ដំណឹងនេះក៏បានឮដល់ព្រះនាងឆន្ទា ធ្វើឲ្យនាងក្តៅក្រហាយជា​ពន់ពេក ទ្រង់ក៏បានញុះញង់ដល់ព្រះបាទយសវិមលរាជឲ្យយកបុត្រព្រះនាងចន្ទទេវីទៅ​សម្លាប់​ចោល ព្រះអង្គបានយល់ព្រម ក៏ប៉ុន្តែមិនបានសម្រេចនោះទេ ដោយពេល​ពេជ្ឈឃាតយកដាវ លំពែងមកសម្លាប់ អាវុធអស់ទាំងនេះក៏ក្លាយទៅជាម្ហូបចំណី កម្រង​ផ្កា​អស់ទៅ ។ ការនេះធ្វើឲ្យពេជ្ឈឃាតភ័យ ហើយក៏យកដំណឹងនេះទៅទូលដល់​ព្រះ​រាជា ។ ព្រះរាជាក៏ត្រាស់បញ្ជាឲ្យពេជ្ឈឃាតយកទៅបោះចូលក្នុងទឹកម្តង តែនៅតែមិន​បាន​សម្រេចដដែល ។ ក្រោយមកទៀត ទ្រង់ក៏បញ្ជាឲ្យយកខ្យងស័ង្ខចងផ្អោមទៅនឹងដុំថ្ម​រួចទម្លាក់ចូលទៅក្នុងទឹកជ្រៅ 
ព្រះនាងចន្ទទេវី ឯណោះវិញ ទ្រង់ព្រះកន្សែងយ៉ាងខ្លាំង​រហូតសន្លប់​ ពេលដែលមិនឃើញខ្យងស័ង្ខអណ្តែតត្រឡប់មកដូចមុន ។ ការពិតម្តងនេះ​​ ខ្យងស័ង្ខបានទៅដល់ឋានបាតាល ហើយស្តេចនាគជួយ និងបានទទូលធ្វើជាកូនធម៌ទៀត​ផង ។ ដោយសារខ្លួនព្រះអង្គមានពិសមិនអាចនៅជាមួយគ្នាបាន ស្តេចនាគក៏បានចងដៃ​សំពៅមាសមួយដល់ខ្យងស័ង្ខដើម្បីឲ្យទៅរកនាងពន្ធរស ដែលចង់បានកូនចិញ្ចឹម ហើយ​ព្រះអង្គបានអធិដ្ឋានថា ប្រសិនបើបុត្របានត្រាស់ជាព្រះពុទ្ធចម្លងសត្វលោកមែន សូមឲ្យ​សំពៅអណ្តែតទៅដល់ឋានយក្ខ បានជួបនឹងព្រះនាងពន្ធរស ជាម្តាយដ៏ឧត្តមបំផុត ។​ តាម​ដំណើរលើមហាសាគរ ខ្យងស័ង្ខបានជួបភាពភ័យខ្លាចជាច្រើន តែគេត្រូវបានទេវតា និង​នាងមណីមេខលាតាមជួយថែរក្សារហូតដល់នគរយក្ខ ។ នាងពន្ធរស កាលបើឃើញ ព្រះខ្យងស័ង្ខ ហើយក៏រត់ទៅបីថ្នាក់ថ្នម ដោយក្តីសណ្តោសអាណិត ។ ព្រះរាជកុមារបាន​រៀបរាប់ដំណើររបស់ខ្លួនប្រាប់ដល់នាងពន្ធរសទាំងអស់ ។ និយាយពីព្រះនាងពន្ធរស តាំងពីបានខ្យងស័ង្ខជាកូនចិញ្ចឹមរស់នៅក្បែរ នាងក៏ក្លាយជាយក្ខថ្មីដែលមិនមានក្តីទុក្ខ​សោកក្នុងចិត្តដូចមុនទៀតឡើយ ។ នៅនគរយក្ខ នាងពន្ធរសហាមមិនឲ្យខ្យងស័ង្ខទៅ​រោងខាងក្រោយក្រុងចាស់ ស្រះខាងឆ្វេង ស្តាំ និងកុំឲ្យឡើងលើប្រាសាទដាក់រូបងោះជា​ដាច់ខាត ប៉ុន្តែខ្យងស័ង្ខ បានល្មើសនឹងបណ្តាំទៅមើលឃើញចុងមានសុទ្ធតែឆ្អឹងសាកសព​មនុស្ស សត្វ ស្រះមាសស្រះប្រាក់ និងរូបងោះឈើច្រត់ ស្បែកជើងកែវដ៏មានឬទ្ធិអំណាចអាច​ហោះហើរបាន ។ ក្រោយពីដឹងថាម្តាយចិញ្ចឹមខ្លួនជាយក្ខហើយ ខ្យងស័ង្ខក៏មានចិត្ត​ភ័យ​ខ្លាច ណានឹកម្តាយបង្កើតរបស់ខ្លួនផង ម្យ៉ាងក៏គម្រប់ខួប១០ឆ្នាំផង គេក៏សម្រេចចិត្ត​លោត​ចូលស្រះមាសស្រះប្រាក់ ហើយពាក់ស្បែកជើង និងរួបងោះរួចជិះឈើច្រត់ហោះ​ទៅរកម្តាយបង្កើត ។ ថ្លែងពីនាងពន្ធរស ពេលត្រឡប់មកដល់ប្រាសាទវិញមិនឃើញបុត្រ នាងយក្ខឆោឡោ​ចាត់ពលសេនាឲ្យមកជួយរក ដល់ពេលជួបហើយនាងក៏អង្វរឲ្យខ្យងស័ង្ខត្រឡប់ទៅរស់នៅ​ជាមួយខ្លួនវិញ តែខ្យងស័ង្ខប្តេជ្ញាជាដាច់ខាតមិនទៅ ដោយគេទៅជួបម្តាយបង្កើតវិញ  ដោយមិនអាចលួងលោមបុត្របាន នាងក៏បានប្រាប់ពីអាថ៌កំបាំងវត្ថុសក្កិសិទ្ធិទាំងនោះថា ស្រោមងោះជាអាវក្រោះការពារអាវុធគ្រប់ប្រភេទ ឈើច្រត់អាចហោះលើអាកាសដល់​ចក្រវាឡតែមួយពព្រិចភ្នែក ឯស្បែកជើងកែវអាចដើរលើទឹកបាន ។ ចុងក្រោយនាងក៏បាន​បង្រៀនបុត្រឲ្យចេះពីមន្តអាគមន្តដែលអាចកោះហៅត្រី សត្វនានា និងសម្បត្តិកងកែវ​ផ្សេងៗបាន បន្ទាប់មកព្រះនាងដាច់ខ្យល់ស្លាប់ទៅ ។ ខ្យងស័ង្ខក៏បានបញ្ជាឲ្យពលយក្ខ​រៀបចំបុណ្យសពឲ្យមាតាចិញ្ចឹមខ្លួន ហើយក៏ពាក់ស្រោមងោះហោះចេញទៅដល់នគរ​សមលរាជ ហើយចុះទៅឈប់នៅកណ្តាលស្រែលេងជាមួយក្មេងគង្វាល 
          នៅសាមលរាជនគរ មានព្រះមហាក្សត្រព្រះនាម សាមលនរនាថ មានអគ្គមហេសី​មួយព្រះអង្គព្រះនាមសាមលរាជទេវី និងបុត្រីប្រាំពីរព្រះអង្គ ដែលមាននាងពៅគេព្រះនាម​រចនាទេវី ។ ព្រះបាទសាមលរាជចង់ឲ្យបុត្រីរបស់ទ្រង់មានស្វាមី ក៏បញ្ជូនរាជសារឲ្យទៅ​ស្តេចនគរចំណុះទាំង១០១ ឲ្យនាំបុត្រារបស់ខ្លួនមកឲ្យបុត្រីព្រះអង្គរើស ។ បងៗទាំង៦ រើសស្វាមីបានម្នាក់មួយរួចរាល់ នៅសល់តែនាងពៅដែលមិនពេញចិត្តបុរសណាមួយ​សោះ ។ ក្រោយមកព្រះបិតាក៏បញ្ជាឲ្យសេនាមាត្យដើរគោះគង ឃ្មោះប្រកាសដល់បុរស​គ្រប់ស្រទាប់វណ្ណៈទាំងអស់ឲ្យចូលមក ដើម្បីឲ្យនាងពៅរើសធ្វើជាស្វាមី តែនាងពៅនៅតែ​មិនពេញចិត្ត ។ ទើបស្តេចត្រាស់សួរអាមាត្យថាអស់ហើយឬនៅ? អាមាត្យក៏ទូលថានៅ​សល់តែងោះប៉ុណ្ណោះ ។ ស្តេចក៏បញ្ជាឲ្យអាមាត្យទៅហៅងោះមក ។ ងោះនោះក៏អធិដ្ឋាន​ថាបើនាងពិតជាគូព្រេងពីអតីតជាតិមែន សូមឲ្យព្រះនាងមើលឃើញរូបពិតនៅក្នុងស្រោម​ងោះនេះ ។ ទីបំផុតនាងពៅក៏សម្រេចចិត្តជ្រើសរើសយកងោះនោះធ្វើជាស្វាមីទៅ ជា​ហេតុធ្វើឲ្យព្រះបិតាព្រះនាងមានការខឹងសម្បារជាខ្លាំង ក៏បណ្តេញនាង និងប្តីងោះរបស់​នាងចេញពីព្រះនគរ ទៅសង់ខ្ទមនៅដាច់ឆ្ងាញពីគេ 
          រាល់ពេលរាត្រី ខ្យងស័ង្ខតែងដោះស្រោមងោះចេញមកផ្ទំជាមួយនាងរចនាទេវី ។ ដល់យូរទៅ ព្រះនាងរចនាទេវីក៏សូមឲ្យស្វាមីបង្ហាញរូបពិត តែព្រះអង្គមិនព្រម ។ ក្រោយ​មកនាងក៏លួចយកស្រោមមុខទៅដុតចោលតែដុតមិនឆេះ ខ្យងស័ង្ខមកទាន់ ហើយក៏យក​ទៅពាក់​រហូត 
          និយាយពីព្រះបាទសាមលរាជ ដោយហេតុស្អប់រូបងោះដ៏សែនអាក្រក់របស់បុត្រ​​សុណិសា ក៏បានរកឧបាយកលយកងោះទៅសម្លាប់ចោល តែមិនបានសម្រេច ។ ផ្ទុយមក​វិញ ដោយឆ្លងកាត់រឿងរ៉ាវ និងឧបសគ្គជាច្រើន ទីបំផុត ងោះក៏បានតែងកាយជាព្រះ​ខ្យងស័ង្ខវិញ ហើយបានទទួលរាជសម្បត្តិពីព្រះបាទសមលរាជទៀតផង ឯព្រះនាង​រចនាទេវីក៏បានក្លាយជាព្រះអគ្គមហេសី ធំលើសបងៗទាំង៦នាក់ 
និយាយពីព្រះបាទយសវិមលរាជ នាកាលរាត្រីផ្ទំលក់ ក៏បានសុបិន្តឃើញព្រះឥន្ទ្រ​
ចុះពីឋានសួគ៌ កាន់ដំបងប៉ុនដើមត្នោត ហើយស្រែកគម្រាមព្រះអង្គឲ្យទៅយាងព្រះនាង​
ចន្ទទេវី និងរាជបុត្រាមកវិញ បើហួសពេលប្រាំពីរថ្ងៃ នឹងត្រូវស្លាប់ ។ ការនេះធ្វើឲ្យព្រះអង្គ​
មានការភិតភ័យជាខ្លាំង បានកោះហៅអ្នកមុខអ្នកការតូចធំក្នុងរាជវាំងឲ្យចូលមកជួបជុំ ដើម្បីពិភាក្សាពីការយាងព្រះនាងចន្ទទេវី និងរាជបុត្រឲ្យត្រឡប់ចូលព្រះរាជវាំងវិញ ។ ដោយដឹងរឿង ព្រះនាងឆន្ទា ក៏ទៅរកយាយស្មេធាឲ្យបន្ថែមស្នេហ៍ទៀត ។ ខណៈ​កំពុងប្រារព្ធពិធី ព្រះមហាក្សត្រក៏ទៅទាន់ ទ្រង់ក៏បញ្ជាឲ្យពេជ្ឈឃាតចាប់ព្រះនាង ស្មេរធា និងយាយស្មេធាទៅសម្លាប់ចោលទៅ ។ ក្រោយមកព្រះអង្គក៏ទៅយាងព្រះនាងចន្ទទេវីមក​នគរវិញដោយផ្ទាល់ តែព្រះនាងមិនព្រម ។ ចុងក្រោយព្រះនាងព្រម ដោយសារតែព្រះ​បាទ​​យសវិមលរាជប្រាប់ទ្រង់ថា រាជបុត្រមិនទាន់ស្លាប់ តែមុនត្រឡប់មកព្រះនាងបានសុំ​ដើរចូលភ្លើង ដើម្បីបង្ហាញពីភក្តីភាពចំពោះស្វាមី តែរំពេចនោះស្រាប់តែមានផ្កាឈូកផុស​ចេញមកទ្រព្រះនាង ធ្វើឲ្យព្រះនាងមានរូបរាងល្អលើសពីមុនដូចស្រីសួគ៌ ។ ស្តេចទាំងពីរ​ក៏យាងទោរកខ្យងស័ង្ខនៅឯនគរសាមលរាជតាមពាក្យព្រះឥន្ទ្រ 
          ពេលទៅដល់សាមលរាជនគរ ក្សត្រទាំងពីរអង្គក៏បោះជំរំនៅក្រៅនគរ ហើយយាង​ដោយថ្មើរជើងម្តង ។ ពេលទៅដល់ យល់ថាជាបុត្រខ្យងស័ង្ខពិតមែន ព្រះនាងក៏ទៅសុំទៅ​នៅធ្វើម្ហូបជាមួយចុងភៅ   ព្រះនាងក៏បានឆ្លាក់បន្លែធ្វើជារូបផ្សេងៗ រាប់ពីដំណើររឿង​របស់ព្រះនាង និងបុត្រតាំងពីជួបជុំរហូតព្រាត់គ្នា ។ ឃើញភាពចម្លែកបែបនេះ ខ្យងស័ង្ខ ក៏សួរនាំអ្នកធ្វើម្ហូបនោះ ក៏បានដឹងថាជាព្រះមាតាខ្លួន ក៏យំសោកបោកប្រាណដល់ដាច់​ខ្យល់ស្លាប់ទាំងពីរអង្គ ។ ព្រះឥន្ទ្រក៏ចុះមកប្រស់ឲ្យរស់ឡើងវិញ ។ បន្ទាប់ពីក្សត្រទាំងបី​បានជួបជុំគ្នា ព្រះខ្យងស័ង្ខក៏នាំព្រះមាតាបិតាទៅជួបនាងរចនាទេវីជាមេហសី ។ ក្រោយ​មកព្រះបាទយសវិមលរាជក៏សុំយាងបុត្រទាំងពីរអង្គ ទៅសោយនៅសាឡសមហានគរ ហើយបានអភិសេកឲ្យខ្យងស័ង្ខ និងនាងឆន្ទីជាអគ្គមហេសីទី២ 
          ខ្យងស័ង្ខក្លាយជាស្តេចពីរនគរ គ្រប់គ្រងប្រកបដោយទសពិធរាជធម៌ និងមានព្រះ​នាមថា ព្រះបរមឧត្តមពោធិសត្វ ។ មិនយូរប៉ុន្មានព្រះនាងរចនាទេវីក៏ប្រសូតបុត្រត្រាមួយ​អង្គព្រះនាម ព្រះសុវណ្ណកុមារ ឯនាងឆន្ទីប្រសូតបានបុត្រីព្រះនាមសុវណ្ណទេវីសោភ័ណ ។ ១៦ឆ្នាំក្រោយមក ខ្យងស័ង្ខក៏បានអភិសេកកូនទាំងពីរ ហើយប្រគល់ឲ្យស្នងរាជនៅ​សាមលនគរ ហើយព្រះអង្គសោយរាជនៅសាឡសមហានគរ ។ យូរលង់ក្រោយមក ទ្រង់​ក៏ចូលទិវង្គត ហើយបានឡើងឋានសួគ៌តុសិតជួបជុំអគ្គមហេសី និងព្រះមាតាបិតា 


Loading...